ធ្លាក់ជ្រោះស្រមៃ ដោយ: ដួងនេត្រា(ពន្លឺ រាត្រី)
មករា ទី២៦, ២០២៥
តារាពាន់ដួង ចរលើមេឃា
ហាក់ចាញ់រងា សិសិររដូវ
ចន្ទ្រអើតលឹមៗ អធ្រាត្រយប់ជ្រៅ
រះបំភ្លឺផ្លូវ នៅពេលរាត្រី។
មើលតាមបង្អួច មាត់កួចញញឹម
មមៃសង្ឃឹម ជួបស្នេហ៍ភក្ដី
បិទភ្នែកបើកចិត្ត យល់ភក្ត្រប្រិមប្រិយ
ធ្លាក់ជ្រោះស្រមៃ ងើបក្រោកលែងបាន។
រូបកាយសម្ផស្ស សម្រស់វិសាល
បណ្ដាលបេះដូង លោតរកកល្យាណ
ចង់ស្ទាបអង្អែល បបោសសព្វប្រាណ
រំជើបស្មោះស្មាន ច្រានក្នុងសុបិន។
ឱ! ប្រសិនបើ បានមកថ្នាក់ថ្នម
បីបមប្រលោម ឆោមឆើតមាសឆ្អិន
ម្ល៉េះសមបំណង ប៉ុនប៉ងក្រេបក្លិន
ចង់ទាញសុបិន ក្លាយជាការពិត!!
No comments:
Post a Comment