Sunday, January 26, 2025

ធ្លាក់ជ្រោះស្រមៃ ដោយ: ដួងនេត្រា(ពន្លឺ រាត្រី) មករា ទី២៦, ២០២៥

 ធ្លាក់ជ្រោះស្រមៃ  ដោយ: ដួងនេត្រា(ពន្លឺ រាត្រី)

មករា ទី២៦, ២០២៥


តារាពាន់ដួង ចរលើមេឃា

ហាក់ចាញ់រងា សិសិររដូវ

ចន្ទ្រអើតលឹមៗ អធ្រាត្រយប់ជ្រៅ

រះបំភ្លឺផ្លូវ នៅពេលរាត្រី។


មើលតាមបង្អួច មាត់កួចញញឹម

មមៃសង្ឃឹម ជួបស្នេហ៍ភក្ដី

បិទភ្នែកបើកចិត្ត យល់ភក្ត្រប្រិមប្រិយ

ធ្លាក់ជ្រោះស្រមៃ ងើបក្រោកលែងបាន។


រូបកាយសម្ផស្ស សម្រស់វិសាល

បណ្ដាលបេះដូង លោតរកកល្យាណ

ចង់ស្ទាបអង្អែល បបោសសព្វប្រាណ

រំជើបស្មោះស្មាន ច្រានក្នុងសុបិន។


ឱ! ប្រសិនបើ បានមកថ្នាក់ថ្នម

បីបមប្រលោម ឆោមឆើតមាសឆ្អិន

ម្ល៉េះសមបំណង ប៉ុនប៉ងក្រេបក្លិន

ចង់ទាញសុបិន ក្លាយជាការពិត!!


Friday, December 27, 2024

ជូនពរឆ្នាំថ្មី ដោយ ដួង នេត្រា(ពន្លឺ រាត្រី) 12/27/2024

 ជូនពរឆ្នាំថ្មី


ប៉ុន្មានថ្ងៃទៀតដាច់ឆ្នាំចាស់

បែងចែកស្រឡះចូលឆ្នាំថ្មី

ខ្ញុំសូមបួងសួងជូនពរជ័យ

បងប្អូនប្រុសស្រីសុខសប្បាយ។


សូមរាល់អង្គារឹងមាំមួន

ជម្ងឺដែលពួនសូមអន្តរាយ

សូមចេញឱ្យផុតចាករាងកាយ

ហើយសូមរម្សាយរាល់ទុក្ខា។


សូមរស់ក្សេមក្សាន្តសម្រាន្តស្រួល

មោះហ្មងអាក់អួលឆួលឱរា

សូមវៀរចាកឆ្ងាយស្រាយចិន្ដា

សម្រេចកិច្ចការដូចបំណង។


ដោយ ពន្លឺ រាត្រី(ដួង នេត្រា)

ខែធ្នូ ទី២៧, ២០២៤

Sunday, December 3, 2023

សម្ដីទុយ៌ស ដោយ ដួង នេត្រា(ពន្លឺ រាត្រី) ខែធ្នូ ទី៣, ២០២៣

សម្ដីទុយ៌ស


ផ្ទៃមេឃអួអាប់ យំប្រាប់ផែនដី     
ទឹកភែ្នកអប្រិយ ជំនួសវាចា
ហារស្លាក់ខ្ជាក់ស្លែងថ្លែងប្រាប់អ្នកណា?     
ដូចភាពអន្ធការនាពេលរាត្រី។

អធ្រាត្រទៅហើយ នៅឡើយរូបខ្ញុំ     
អង្គុយសម្ងំ ផ្ដួចផ្ដុំព្រួយភ័យ
រនោចងងឹត បាំងបិទរស្មី     
ជីវិតដ៏ខ្លី អ្វីត្រូវអាឡោះ?

គង្គាសែនជ្រៅគេនៅវាស់បាន    
ចិន្ដាសន្ដាន ស្មានមិនត្រូវសោះ
សម្ដីទុយ៌ស ចិត្តអសប្បុរស     
គ្មានស្ដាយស្រណោះស្ម័គ្រស្មោះប៉ុនល្អង!

រវើរវាយ រាយរាប់អត្ថន័យ     
អាណិតហទ័យ ក្រៀមក្រោះកន្លង
ពេលណាល្ហែល្ហើយ ផុតជ្រោះមួហ្មង   
 បន់ព្រះជួយផងចម្លងទុក្ខា។

បញ្ចប់ឱ្យអស់ ព្យុះសោកសង្រេង     
សោភ័ណវង្វេង ចៀសឆ្ងាយកាយា
ចង្រៃឧបទ្រព សូន្យតាមវាតា         
ទោះជាតិណាៗប្រាថ្នាកុំជួប។

ដោយ ដួង នេត្រា(ពន្លឺ រាត្រី)    ខែធ្នូ ទី៣, ២០២៣