Sunday, December 3, 2023

សម្ដីទុយ៌ស ដោយ ដួង នេត្រា(ពន្លឺ រាត្រី) ខែធ្នូ ទី៣, ២០២៣

សម្ដីទុយ៌ស


ផ្ទៃមេឃអួអាប់ យំប្រាប់ផែនដី     
ទឹកភែ្នកអប្រិយ ជំនួសវាចា
ហារស្លាក់ខ្ជាក់ស្លែងថ្លែងប្រាប់អ្នកណា?     
ដូចភាពអន្ធការនាពេលរាត្រី។

អធ្រាត្រទៅហើយ នៅឡើយរូបខ្ញុំ     
អង្គុយសម្ងំ ផ្ដួចផ្ដុំព្រួយភ័យ
រនោចងងឹត បាំងបិទរស្មី     
ជីវិតដ៏ខ្លី អ្វីត្រូវអាឡោះ?

គង្គាសែនជ្រៅគេនៅវាស់បាន    
ចិន្ដាសន្ដាន ស្មានមិនត្រូវសោះ
សម្ដីទុយ៌ស ចិត្តអសប្បុរស     
គ្មានស្ដាយស្រណោះស្ម័គ្រស្មោះប៉ុនល្អង!

រវើរវាយ រាយរាប់អត្ថន័យ     
អាណិតហទ័យ ក្រៀមក្រោះកន្លង
ពេលណាល្ហែល្ហើយ ផុតជ្រោះមួហ្មង   
 បន់ព្រះជួយផងចម្លងទុក្ខា។

បញ្ចប់ឱ្យអស់ ព្យុះសោកសង្រេង     
សោភ័ណវង្វេង ចៀសឆ្ងាយកាយា
ចង្រៃឧបទ្រព សូន្យតាមវាតា         
ទោះជាតិណាៗប្រាថ្នាកុំជួប។

ដោយ ដួង នេត្រា(ពន្លឺ រាត្រី)    ខែធ្នូ ទី៣, ២០២៣